ព័ត៌មានទាន់ហេតុការណ៏ :

ថ្ងៃអង្គារ ទី24 ខែធ្នូ ឆ្នាំ២០២៤

អ្នកជាប់ជ័យលាភីជើងឯក ចាប៉ីដងវែងសម្រាប់ឆ្នាំ២០២៣ ជាបេក្ខជនមកពីខេត្តសៀមរាប

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រកឃើញអ្មកជាប់ជ័យលាភី មហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣ហើយ បន្ទាប់ពីមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» បានបិទបញ្ចប់នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ព្រឹត្តិការណ៍វប្បធម៌ជ្រើសរើសជើងឯកចាប៉ីដងវែងនេះ ធ្វើឡើងក្នុងគោលបំណងថែរក្សា ការពារ និងលើកស្ទួយទម្រង់សិល្បៈចាប៉ីដងវែងមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន ដោយប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី០២ ដលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ដោយមានវត្តមានរបស់ក្រុមសិល្បករចាប៉ីដងវែង មកពីបណ្តារាជធានី-ខេត្ត បានដាក់ពាក្យចូលរួមប្រកួតប្រជែងសមត្ថភាព។

លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងនូវការអបអរសាទរដ៏ស្មោះចំពោះសិល្បករ ចាប៉ីដងវែង ទាំងអស់ ដែលទទួលបានជ័យលាភីនៅក្នុងមហោស្រពនាថ្ងៃនេះ។ ជាពិសេស លោកស្រីបានលើកទឹកចិត្តដល់ប្អូនៗ ជាសិល្បករ ដែលមិនទទួលបានពានរង្វាន់ សូមឱ្យបន្តការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីរួមចំណែកលើកស្ទួយវិស័យសិល្បៈទស្សនីយភាពឱ្យកាន់តែរីកចំរើន ប្រកបដោយ និរន្តរភាព។

សូមបញ្ជាក់ថា ជាលទ្ធផល បេក្ខជន ៣រូប ទទួលបានជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្រ មានដូចខាងក្រោម ៖

  • ជ័យលាភីលេខ១ ទទួលបានពានមាស១ អមដោយទឹកប្រាក់ បានទៅលើក្រុមឈ្មោះ មន សុខ មកពីខេត្តសៀមរាប,
  • ជ័យលាភីលេខ២ ទទួលបានពានប្រាក់១ អមដោយទឹកប្រាក់ បានទៅលើក្រុមឈ្មោះ សា វណ្ណា ,
  • ជ័យលាភីលេខ៣ ទទួលបានពានសំរិទ្ធ១ អមដោយទឹកប្រាក់ បានទៅលើក្រុមឈ្មោះ សូ សារ៉ន ,
  • ចំណាត់ថ្នាក់កិត្តិយស ២ក្រុម ទទួលបានប្រកាសនីយបត្រ អមដោយទឹកប្រាក់ បានទៅលើឈ្មោះ ឈុន តុលា និងបេក្ខជន ច្រឹក សេ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

ពេញនិយមបំផុត