Breaking News :

Tuesday, December 24, 2024

សហគមន៍អន្តរជាតិ ថ្កោលទោសលើក្រុមហាម៉ាស និងជំរុញឱ្យបញ្ឈប់ការវាយប្រហារ

ក្រោយការលួចវាយប្រហារពីសំណាក់ក្រុមហាម៉ាសលើអ៊ីស្រាអែល ប្រជាជនអ៊ីស្រាអែល ជាច្រើនរយនាក់បានរងរបួស និងស្លាប់បាត់បង់ជីវិត ខណៈប្រជាជនប៉ាឡេស៊ី ក៏រងគ្រោះ និងបាត់បង់ជីវិតដែរ។ ដោយការវាយប្រហារមានលក្ខណៈធ្ងន់ធ្ងរ និងបង្កឱ្យស្លាប់បាត់បង់ជីវិតមេដឹកនាំ បណ្តាប្រទេសជាច្រើន បានជំរុញឱ្យបញ្ឈប់ការវាយប្រហារ និងថ្កោលទោសលើក្រុមហាម៉ាស។
 

ប្រេស៊ីល ដែលជាប្រធានផ្លាស់វេននៅក្រុមប្រឹក្សាសន្តិសុខក្នុងខែនេះ បានថ្កោលទោសចំពោះសកម្មភាពវាយប្រហារនៅលើតំបន់កាហ្សា ហើយជំរុញឱ្យភាគីទាំងរឹតត្បិតភាពរីកសាយនៃជម្លោះ។ តាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសប្រេស៊ីល ខ្លួននឹងកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីជជែកពីបញ្ហាជម្លោះរវាងអ៊ីស្រាអែល និងហាម៉ាស។ ក្រុមប្រឹក្សាសន្តិសុខ នឹងបើកប្រជុំនៅថ្ងៃទី៨ ខែតុលានេះ។ 
 
ស្របគ្នានេះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានសរសេរលើបណ្តាញសង្គម X ថា លោកស្រីសូមរិះគន់ចំពោះសកម្មភាពភេរវកម្ម ដែលដឹកនាំដោយក្រុមហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែល ។ ត្រង់ចំណុចនេះ លោកស្រី បានបញ្ជាក់ថា អ៊ីស្រាអែល មានសិទ្ធិក្នុងការការពារខ្លួនប្រឆាំងនឹងសកម្មភាពទាំងនោះ។ 
 
ចំណែកប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានរិះគន់តាមបណ្តាញសង្គម X លើសកម្មភាពភេរវកម្មរបស់ក្រុមហាម៉ាសប្រឆាំងនិងអ៊ីស្រាអែល។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក ម៉ាក្រុង បានប្រកាសឈរនៅជាមួយជនរងគ្រោះ ក្រុមគ្រួសារ និងអ្នកដែលជិតស្និទ្ធនឹងប្រជាជនអ៊ីស្រាអែល។ 
 
ដោយឡែកអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល បានបង្ហាញពីក្តីរន្ធត់យ៉ាងខ្លាំង ក្រោយមានការវាយប្រហារលើអ៊ីស្រាអែល និងការរីកសាយនៃអំពើហិង្សា។ ជុំវិញបញ្ហានេះ មេដឹកនាំអាល្លឺម៉ង់ បានប្រកាសឈរនៅជាមួយអ៊ីស្រាអែល និងរិះគន់ការវាយប្រហាររបស់ក្រុមហាម៉ាសដោយស្ងាត់ៗ។ 
 
ទន្ទឹមនេះ ជប៉ុន និងរុស្ស៊ីវិញ បានជំរុញឱ្យភាគីទាំងអស់ រឹតត្បិតសកម្មភាពរបស់ខ្លួន ការបង្ការផលប៉ះពាល់បន្ថែម និងបង្កផលប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិល។ 
 
ខណៈប្រទេសរបស់ខ្លួនកំពុងជាប់សង្រ្គាមនឹងរុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្កោលទោសក្រុមហាម៉ាស និងអះអាងថា អ៊ីស្រាអែល មានសិទ្ធិក្នុងការការពារខ្លួន ដោយគ្មានការសង្ស័យ។ 
 
ជាមួយគ្នានេះ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិនឯណោះ បានអះអាងថា សេតវិមាន នៅតែបន្តតាមដានស្ថានការណ៍នៅអ៊ីស្រាអែល ដោយមានការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយដៃគូរបស់ខ្លួន។ មេដឹកនាំអាម៉េរិករូបនេះ ក៏បានចូលរួមថ្កោលទោសសកម្មភាពរបស់ក្រុមហាម៉ាសផង។ 
 
ខុសពីបណ្តាប្រទេសដទៃ អ៊ីរ៉ង់ បានប្រកាសគាំទ្រចំពោះសកម្មភាពរបស់ក្រុមហាម៉ាស ដែលចេញមុខការពារប្រជាជនប៉ាឡេស្ទីន។ តាមការលើកឡើងរបស់ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់ អ៊ីរ៉ង់ សូមចូលរួមអបអរសាទរចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស ហើយអ៊ីរ៉ង់ នឹងបន្តឈរជាមួយអ្នកប្រយុទ្ធរបស់ក្រុមប៉ាឡេស្ទីន រហូតដល់មានការរំដោះក្រុមប៉ាឡេស្ទីន និងក្រុងហ្ស៊េរុយសាឡិម៕