Breaking News :

Tuesday, December 24, 2024

ព្រះមហាក្សត្រ មានជំនឿយ៉ាងមុតមាំថា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ គ្រប់ស្ថាប័នជាតិ នឹងបន្តបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាដល់កិច្ចអភិវឌ្ឍន៍ប្រជាជាតិយើង

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជឫទ័យស្តេចយាងជាព្រះរាជាធិបតី ប្រារព្ធពិធី អបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៅព្រឹកថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ ២០២៣នៅមជ្ឈមណ្ឌលកោះពេជ្រ ។ ក្នុងពិធីនោះមានការអញ្ជើញដង្ហែព្រះរាជដំណើរ ព្រះមហាក្សត្រខ្មែរ ពីសំណាក់សម្តេចថ្នាក់ដឹកនាំ កំពូលនៃស្ថាប័នជាតិ សម្តេចជាឥស្សរជនរបស់ជាតិ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ព្រះអង្គមានព្រះរាជបន្ទូលថា “ខ្ញុំ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានធ្វើសេចក្ដីរាយការណ៍យ៉ាងក្បោះក្បាយ អំពីសកម្មភាពវិវឌ្ឍនៈ នៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួល ខុសត្រូវខ្ពស់និងទទួលលទ្ធផលដ៏ត្រចះត្រចង់ ហើយស្ថាប័នកំពូលនេះសម្រេចបាន ក្នុងរយៈ ពេល៣០ឆ្នាំកន្លងទៅ ។
ខ្ញុំសូមកោតសរសើរដោយស្មោះអស់ពីហឫទ័យចំពោះ សម្តេច ឯកឧត្តម និងលោកជំទាវប្រធាន និងសមាជិក សមាជិកា នៃក្រុមប្រឹក្សាធម្មនុញ្ញ គ្រប់អាណត្តិដែលបានខិតខំបំពេញ ភារកិច្ចរបស់ខ្លួន ក្នុងសតិសម្បជញ្ញៈ ដើម្បីគុណប្រយោជន៍នៃឯករាជ្យជាតិបូរណភាពទឹកដី អធិបតេយ្យភាព ស់ន្តិភាព សេចក្តីសុខ, ជីវភាពសម្បូណ៍សប្បាយថ្កុំថ្កើងរុងរឿងរបស់ប្រជាជាតិ ខ្មែរ និងស្ថិរភាពសង្គម ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ។